ពលរដ្ឋខ្មែរក្រោមនៅតែហ៊ានរើបំរះ ដរាបណាយួននៅតែគាបសង្កត់

ដោយ ថាច់ ប្រីជា គឿន

នៅថ្ងៃព្រហស្បតិ៍ ទី ៨ ខែកុម្ភៈ សប្ដាហ៍នេះ ជាខួប ១១ ឆ្នាំ នៃព្រឹត្តិការណ៍ ៨ កុម្ភៈ ដែលកាល ១១ ឆ្នាំ មុន នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្សសាលាបាលីខេត្តឃ្លាំង ប្រមាណជាង ២០០ អង្គ បានចេញធ្វើបាតុកម្ម នៅមុខការិយាល័យនគរបាលខេត្តឃ្លាំង ដើម្បីទាមទារឲ្យអាជ្ញាធរវៀត ណាម គោរពសិទ្ធិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។  ក្រោយពីព្រឹត្តិការណ៍ ព្រះសង្ឃខ្មែរក្រោម ជាច្រើនអង្គការត្រូវអាជ្ញាធរយួនចាប់ផ្សឹក  ដាក់គុក និងភៀសខ្លួនចេញទៅក្រៅប្រទេស ដើម្បីគេចពី ការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋការយួន ។ ទោះយ៉ាងនេះក្ដី ព្រះសង្ឃខ្មែរក្រោមដែលធ្លាប់តស៊ូនៅ ក្នុងព្រឹត្តិការណ៍មួយនេះ បានលើកឡើងថា នៅពេលខាងមុខ ពលរដ្ឋខ្មែរក្រោមនៅតែហ៊ានរើបំរះ ទាមទារសិទ្ធិពីសំណាក់រដ្ឋការយួនដដែល ដរាបណា រដ្ឋាភិបាលយួននៅតែបន្តគាបសង្កត់សិទ្ធិ សេរីភាពលើខ្មែរក្រោមម្ចាស់ស្រុក ។

លោក ថាច់ វឿង សម្ភាស ព្រះតេជព្រះគុណ យ៉ាញ់ ទោន និង ព្រះតេជព្រះគុណ សួន បូរ៉ា នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៧ ។
លោក ថាច់ វឿង សម្ភាស ព្រះតេជព្រះគុណ យ៉ាញ់ ទោន និង ព្រះតេជព្រះគុណ សួន បូរ៉ា នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៧ ។

នៅក្នុងកិច្ចសម្ភាសពិសេសមួយរវាង លោក ថាច់ វឿង ជាមួយនឹង ព្រះតេជព្រះគុណ យាញ់ ទោន និង ព្រះតេជព្រះគុណ សួន បូរ៉ា ជាព្រះសង្ឃដែលបានចូលរួមធ្វើបាតុកម្មនៅក្នុងព្រឹត្តិការណ៍មួយ នេះ ដែលទូរទស្សន៍ ព្រៃនគរ និង វិទ្យុសំឡេងកម្ពុជាក្រោម បានផលិតមុនថ្ងៃខួប ១១ ឆ្នាំ  នៃព្រឹត្តិ ការណ៍ ៨ កុម្ភៈ  សប្ដាហ៍កន្លងទៅនេះ  ព្រះតេជព្រះគុណ យ៉ាញ់ ទោន បានថ្លែងថា ក្រោយពីអាជ្ញាធរ យួនបង្ក្រាបនៅក្នុងព្រឹត្តិការណ៍ ៨ កុម្ភៈ  វាមិនបានធ្វើឲ្យពលរដ្ឋខ្មែរក្រោមបាក់ស្បាតឡើយ ។ ព្រះអង្គថា នៅពេលអានាគត ពលរដ្ឋខ្មែរក្រោមនៅតែហ៊ានងើបឡើងតវ៉ាដើម្បីទាមទារនូវសិទ្ធិ របស់ខ្លួនជាក់ជាមិនខាន ដរាបណារដ្ឋាភិបាលយួននៅតែបន្តធ្វើទុក្ខបុកម្នេញ និងគាបសង្កត់ ពលរដ្ឋខ្មែរក្រោម ។

ចំណែក ព្រះតេជព្រះគុណ សួន បូរ៉ា បានថ្លែងថា សម័យបច្ចេកព័ត៌មានវិទ្យានេះ រដ្ឋាភិបាល យួនមិនអាចលាក់បាំងអ្វីបានទៀតទេ ដោយព្រះអង្គបានបញ្ជាក់ថា កាលពី ១១ ឆ្នាំមុន ពលរដ្ឋខ្មែរ ក្រោមមិនសូវចេះប្រើអិនធើណិតទេ  តែព្រះសង្ឃនៅតែហ៊ានចេញធ្វើបាតុកម្មដើម្បីទាមទារនូវ សិទ្ធិសេរីភាពពីសំណាក់អាជ្ញាធរយួន  ទម្រាំមកដល់ពេលនេះ  ពលរដ្ឋខ្មែរក្រោមខ្មែរក្រោមម្នាក់ៗ ចេះប្រើអិនធើណិតគ្រប់គ្នា  ដែលធ្វើឲ្យពួកគាត់មានការយល់ដឹងកាន់តែច្បាស់ជាងមុននូវសិទ្ធិរបស់ ខ្លួនក្នុងនាមជាជនជាតិដើម  ។ ព្រះអង្គបានប្រៀបធៀបពលរដ្ឋខ្មែរក្រោមដូចនឹងម្សៅមួយដុំនៅលើ ដៃយួន  ប្រសិនបើយួនច្របាច់ខ្លាំង ម្សៅនោះ នឹងហៀរចេញតាចន្លោះម្រាមដៃ  តែបើទុកបណ្ដោយ ម្សៅនោះ នឹងរឹងច្របាច់លែងបែក ។

យោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និង សហព័ន្ធខ្មែរកម្ពុជាក្រោម បានរាយការណ៍ថា ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម នៅតែរងការធ្វើទុក្ខ បុកម្នេញពីសំណាក់រដ្ឋាភិបាលបក្សកម្មុយនិស្តយួនជាបន្តបន្ទាប់ ក្នុងនោះ មានការចាប់ព្រះសង្ឃ ផ្សឹក និងដាក់គុក ជាដើម ។  នៅក្រោមអាណានិគមយួន គ្មានឡើយ ស្ថាប័នព័ត៌មានឯករាជ្យ របស់ខ្មែរក្រោម  គ្មានឡើយ អង្គការក្រៅរដ្ឋាភិបាលរបស់ខ្មែរក្រោម  គ្មានឡើយ ការជួបជុំគ្នាដើម្បី ពិភាក្សាអំពីបញ្ហាលំបាករបស់ពលរដ្ឋខ្មែរក្រោមដែលកំពុងតែប្រឈមនឹងស្ថានភាពពិត  និងគ្មាន ឡើយ សាលារៀនសាធារណៈជារបស់ខ្មែរពិតប្រាកដ សម្រាប់អប់រំកូនចៅខ្មែរក្រោម កុំឲ្យរដ្ឋាភិ បាលវៀតណាមយួនកាឡៃទៅជាជនជាតិយួន ៕

Facebook Comments

Leave a Reply

%d bloggers like this: