ចេញពីគុកកូនពេញក្រមុំ

(កំណាព្យមេពាក្យ ៧)
ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១១
សូមឧទ្ទិសកំណាព្យនេះជូនដល់យុទ្ធជនខ្មែរក្រោម
ដែលបានបូជាជីវិតក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា និង អ្នកកំពុងមានជីវិត
រស់នៅៗឡើយដែលសល់ពីការសម្លាប់ របស់រដ្ឋាភិបាលយួនក្នុងព្រឹត្តិការណ៍មួយនេះ ។

ម្ភៃឆ្នាំរងទុក្ខក្នុងគុកងឹត

ឈឺក្រៀមក្រំចិត្តគិតរឹតទ្វេ

យួនវាយដំខ្លួនមិនថ្វីទេ

ជាតិនៅក្រោមគេឈឺកន្លង ។

ក្រោយថ្ងៃដប់ប្រាំមួយវិច្ឆិកា

រងទុក្ខខ្លោចផ្សាលាប្អូនបង

ឃ្លាតប្រពន្ធកូនស្ងួនស្នេហ៍ស្នង

ម្ភៃឆ្នាំអនង្គនៅមេម៉ាយ ។

ក្នុងគុកងងឹតដូចភ្នែកខ្វាក់

ក្នុងចិត្តខ្ញុំជាក់ភ្លឺសុះសាយ

នឹកឃើញរឿងដើមគ្មានរសាយ

ពេលខ្លួនឃ្លាតឆ្ងាយអ្នករាល់គ្នា ។

នឹកឃើញទឹកភ្នែកភរិយាថ្លៃ

ខំប្រឹងបក់ដៃយំគ្រាំគ្រា

ដៃជាប់ចំណងគ្មានពាក្យលា

ម៉ែឪមីងមាជាសាច់ញាតិ ។

យួនចងស្លាបសេកបណ្ដើរខ្ញុំ

កាន់គុកលត់ដំតាមផ្លូវជាតិ

ឲ្យយួនមើលមុខចងអាឃាត

ដុំថ្មព្រោងព្រាតចោលមកខ្ញុំ ។

ទោះយួនដៀលខ្ញុំថាចោលម្សៀត

តែនេះរឿងជាតិជារឿងធំ

គ្មានរឿងផ្ទាល់ខ្លួនចងគំនុំ

នេះជារឿងធំរឿងពូជសាសន៍ ។

ដល់ថ្ងៃកំណត់ចេញពីគុក

ម្ដាយនិងឪពុកវ័យជ្រេចាស់

កូនពេញក្រមុំមិនស្គាល់ច្បាស់

ម្ភៃឆ្នាំឃ្លាតផ្ទះទុក្ខប្រពន្ធ ៕

kuk

Facebook Comments

Leave a Reply

%d bloggers like this: