ឆ្លើយយ៉ាងណា?

ដោយ ថាច់ ប្រីជា គឿន

(មេពាក្យ ៩)

ឆ្លើយយ៉ាងណាសារដែលអូនស្ងួនសួរបង
ថាពេលណាត្រាអនង្គបងវិលវិញ
មករកស្រីដែនដីក្រោមលោមទោម្នេញ
យំមិនចេញទន្ទេញឈ្មោះប្រុសរាល់ថ្ងៃ ។

ឆ្លើយយ៉ាងណាស្នេហាស្មោះអស់ពីចិត្ត
យើងសន្យាថារួមរឹតជីវិតក្ស័យ
តែស្រណោះស្រណោកចិត្តរឹតរីងរៃ
ឃ្លាតពីស្រីដីដំណាំកម្ពុជាក្រោម ។

ឆ្លើយយ៉ាងណាបើសារស្រីថ្លៃផ្ញើមក
ឲ្យបងវិលវិលទៅរកពន្លឆោម
សាងភក្តីសេរីរដ្ឋជាតិឧត្តម
កេរ្តិ៍ឧត្តុង្គពង្សខ្មែរក្រោមឆោមពណ្ណរាយ ។

ឆ្លើយយ៉ាងណាសារអ៊ីម៉ែលដែលស្រីក្សឹក
ក្សួលអួលអាក់ញាក់ពន្លឹកកញ្ជ្រោកកាយ
ខ្លាចប្តូរឈ្មោះយសស្រអាប់ស្លាប់ឥតន័យ
យួនកាឡៃប្តូរឈ្មោះស្រីគ្រប់ខេត្តក្រុង ។

ឆ្លើយយ៉ាងណាសារចំណោទចោទរាល់ថ្ងៃ
រកដំណោះដោះទុក្ខភ័យស្រីអនង្គ
ឲ្យសេរីថ្លៃថ្កុំថ្កើងរុងរឿងអង្គ
ស្រស់ទងវងព្រលឹងជាដែនកម្ពុជាក្រោម ៕៚

ទីក្រុងបឹងកក់,ប្រទេសថៃ ថ្ងៃទី ១៦ ខែវិច្ឆិកា គ. ស. ២០១០   ព.ស.២៥៥៤

Facebook Comments

Leave a Reply

%d bloggers like this: