នៅតែស្រឡាញ់

ដោយ ថាច់ ប្រីជា គឿន

(មេពាក្យ ៨)

វេលាកើតទុក្ខហុកសិបពីរឆ្នាំ
ស្នេហាប្រេះស្រាំដាមដោយលោហិត
មានគេបំបែកព្រាត់គូជីវិត
តែខ្ញុំនៅស្និទ្ធរឹតតែស្រឡាញ់ ។

បាត់មុខមិនបានប្រាណរស់រីងរៃ
បៀមទុក្ខរាល់ថ្ងៃមិនដែលចុះចាញ់
សង្ឃឹមថ្ងៃមួយជួបត្រួយសម្លាញ់
ម្ចាស់ស្នេហ៍ក្នក់ក្នាញ់ត្របាញ់ជីវិត ។

កំពែងស្នេហ៍យើងគេសាងក្រាស់ក្រៃ
រាំងយើងទាំងពីរឲ្យបែកស្នេហ៍ពិត
កម្រាស់កំពែងមិនឈ្នះដួងចិត្ត
កម្លាំងស្នេហ៍ពិតរបស់យើងឡើយ ។

ហុកសិបពីរឆ្នាំនៃការតស៊ូ
លោហិតយើងហូរប្តូរយកចម្លើយ
នៃក្តីស្នេហ៍ពិតឲ្យបានដល់ត្រើយ
កម្ពុជាក្រោមអើយខ្ញុំនៅស្រឡាញ់ ៕៚

ថ្ងៃព្រហស្បតិ៍ ១ កើត ខែជេស្ឋ ឆ្នាំ ថោះត្រីស័ក ព. ស. ២៥៥៥
ត្រូវនឹងថ្ងៃទី ០២ ខែមិថុនា គ. ស. ២០១១

Facebook Comments

Leave a Reply

%d bloggers like this: