ព្រះនាងម្ចាស់ជប៉ុន លះបង់ឋានៈជាសែស្រឡាយស្ដេច ដើម្បីរៀបការនឹងជនសាមញ្ញ
ដោយ ថាច់ ប្រីជា គឿន
ព្រះនាងម្ចាស់មួយអង្គត្រូវជាចៅរបស់អធិរាជជប៉ុន បានលះបង់នូវឋានៈសែស្រឡាយជាស្ដេច ដើម្បីរៀបការជាមួយនឹងជនសាមញ្ញម្នាក់ជាសិស្សរួមថ្នាក់ ដែលព្រះនាងស្រឡាញ់ ដោយសារតែបុរសនោះ មាន “ស្នាមញញឹមដ៏ភ្លឺថ្លាដូចព្រះអាទិត្យ” ស្មោះត្រង់ និងបេះដូងទូលាយ ។

ចៅរបស់អធិរាជជប៉ុន អាគីហ៊ីតូ (Akihito) ព្រះនាង ម៉ាកូ ព្រះជន្ម ២៥ វស្សា និង គូតណ្ដឹងរបស់ព្រះនាង លោក កី កូមូរ៉ូ (Kei Komuro) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅថ្ងៃអាទិត្យ ទី ៣ ខែកញ្ញា ថា ទំនាក់ទំនាក់ទំនងស្នេហារបស់ពួកគេបានចាប់ផ្ដើម នៅពេលដែលព្រះនាង ម៉ាកូ អង្គុយខាងក្រោយ នៅក្នុងពិធីជួបជុំប្រចាំឆ្នាំមួយកាលពី ៥ ឆ្នាំមុន នៅសកលវិទ្យាល័យអន្តរជាតិគ្រីស្ទាន (International Christian University) នាទីក្រុងតូក្យូ ទីដែលពួកគេបញ្ចប់ការសិក្សា ។
មន្ត្រីរដ្ឋាភិបាលផ្ដល់ដំណឹងដល់ព័ត៌មានថា អាពាហ៍ពិពាហ៍របស់ពួកគេនឹងរៀបចំនៅឆ្នាំក្រោយ ។
ព្រះនាង ម៉ាកូ បានមានព្រះបន្ទូលថា ព្រះនាងលង់ស្នេហ៍ ដោយសារតែ កូមូរ៉ូ មាន “ស្នាមញញឹមដ៏ភ្លឺថ្លាដូចព្រះអាទិត្យ” ចិត្តស្មោះត្រង់ និង មានបេះដូងទូលាយ ។
ព្រះនាង ម៉ាកូ ជាបុត្រីច្បងរបស់ រាជបុត្រ អាគីស៊ីណូ (Akishino) និង ព្រះនាង គីកូ (Kiko) និងត្រូវជាចៅរបស់អធិរាជ អាគីហ៊ីតូ (Akihito) របស់ជប៉ុន ។ អធិរាជ អាគីហ៊ីតូ (Akihito) មានព្រះជន្ម ៨៣ វស្សា គ្រោងនឹងដាក់រាជ្យនៅឆ្នាំ ២០១៨ ខាងមុខនេះ ។ ទ្រង់នឹងបានស្នងរាជ្យដោយរាជទាយាទ ណារុហ៊ីតូ (Naruhito) ។
ព្រះនាង ម៉ាកូ មិនគ្រប់លក្ខណសម្បត្តិដើម្បីស្នងរាជ្យទេ ដោយសារព្រះនាងជាស្ត្រី ។ ព្រះនាងនឹងបាត់ឋានៈជាសែស្រឡាយរាជវង្ស ក្រោយពីព្រះនាងរៀបការជាមួយនឹងប្រជាជនសាមញ្ញ ៕


