កិច្ចប្រជុំរបស់ KKF នៅប្រទេសកាណាដា

នៅថ្ងៃសៅរ៍ ទី ១០ ខែមីនា ចុងសប្ដាហ៍នេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំខេត្ត អន់ធារីយ៉ូ (Ontario) នៃប្រទេសកាណាដា បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពី សកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងធ្វើជាបន្តបន្ទាប់នាពេលខាងមុខ ក្នុង ការស្វះស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដើម្បីឲ្យរដ្ឋាភិបាលបក្សកុម្មុយនិស្ត វៀតណាមគោរពសិទ្ធិជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោម ។

កិច្ចប្រជុំថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៨ ។
កិច្ចប្រជុំថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៨ ។

ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន ព្រះតេជ ព្រះគុណ ធីធី ធម្មោ ជាប្រធានគណៈកម្មការសាសនាអន្តរជាតិ, ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋានព័ត៌មាន, លោក ត្រឹង ស៊ី ជាប្រធានសាខាសហព័ន្ធខ្មែរ កម្ពុជាក្រោម ប្រចាំខេត្តអនធារីយ៉ូ និង តំណាងក្រុមយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកាណាដា ។

កិច្ចប្រជុំថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៨ ។
កិច្ចប្រជុំថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៨ ។

កិច្ចប្រជុំពិភាក្សាអំពី គំរោងសកម្មភាពមួយចំនួនរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដូចជា សន្និសីទអន្តរជាតិនៅក្នុងព្រឹទ្ធសភាបារាំង នៅថ្ងៃទី ២ ខែមិថុនា, កិច្ចប្រជុំរបស់គណៈ កម្មការនាយកនៃអង្គការ UNPO នៅទីក្រុងព្រូសែល ប្រទេសបែលស្ស៊ីក នា ថ្ងៃទី ២៣ និង ២៤ ខែ មីនា, កិច្ចប្រជុំនៅក្នុងក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី ២៦ ខែមីនា, ខួប ៦៩ ឆ្នាំ រំឭកដល់ថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម ៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០១៨ ដែលធ្វើនៅទីក្រុងប៉ារិស ប្រទេសបារាំង នាថ្ងៃទី ៣ ខែមិថុនា និង ធ្វើនៅវត្តខ្មែរ    កម្ពុជាក្រោម ទីក្រុង Hamilton ប្រទេសកាណាដា នាថ្ងៃទី ៩ ខែមិថុនា និង មហា សន្និបាត លើកទី ១៧ នៃ វេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជន ជាតិដើម (UNPFII) នៅទីក្រុង New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៦ ដល់ ២៧ ខែមេសា ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែចូលថ្លែងការណ៍ជារៀងរាល់ឆ្នាំ ។

សូមបញ្ជាក់ថា នៅកម្ពុជាក្រោម ពលរដ្ឋខ្មែរក្រោមជាម្ចាស់ស្រុក តែរដ្ឋាភិបាលយួនចាត់ទុក ជាជនជាតិ ភាគតិច ហើយពួកគាត់ត្រូវរដ្ឋាភិបាលយួនបំបិទសំឡេងឲ្យមិនពិភពលោកខាង ក្រៅបានដឹងឮឡើយ ។ ដូច្នេះហើយ បានជាគេសង្កេតឃើញថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោកខិតខំប្រឹងប្រែងលះបង់ពេលវេលា, ប្រាជ្ញា ស្មារតី និង ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីធ្វើឲ្យសំឡេងរបស់ខ្មែរក្រោមនៅក្នុងស្រុកបានឮ ដល់ពិភពលោកខាងក្រៅ ៕

Facebook Comments

Leave a Reply

%d bloggers like this: