គដល់ស្លាប់

ដោយ ថាច់ ប្រីជា​ គឿន
(កំណាព្យមេពាក្យ ៩)

មើលមាឌហំធំរលើបរលង់ស្រិល
គ្មានកង្វល់និមលឈរកំដរផ្លួវ
មើលសម្បកដក់ស្នេហ៍ស្និទ្ធគិតនិត្យនៅ
តែចិត្តពៅអាស្រូវពិតឥតខ្លឹមក្នុង ។

ឈរមាត់ច្រកដកដង្ហើមពុំចេញស្តី
ដូចចំណងចងមាត់ស្រីថ្លៃអនង្គ
ឲ្យធ្វើ«គ»ឈរហាលខ្យល់ដល់ថ្លៃថ្លង់
ហៅព្រលឹងសឹងតែស្លាប់ស្តាប់មិនឮ ។

តើអ្នកណាបញ្ជាមក៍ឲ្យឈរធ្មឹង
ឈរខួបប្រាំងទាំងភ្លៀងខ្យល់មិនខ្វល់ឈឺ
«គ»យូរហើយឈ្មមត្រាណត្រើយឆ្លើយបំភ្លឺ
ឲ្យបានឮបំភ្លឺជាតិឃ្លាតមរណា ។

ទោះព្រលឹងធ្មឹងមិនស្តីពីការពិត
ដែលវរមិត្តគិតសញ្ជប់កប់ចិន្តា
គង់ស្លាប់«គ»តកូនចៅពង្សាវតារ
ធ្វើម្តេចទៅពៅកនិដ្ឋាជាពូជ «គ» ៕

ថ្ងៃចន្ទ ១៥ កើត ខែចេត្រ ឆ្នាំថោះត្រីស័ក ព. ស. ២៥៥៤ (១៨ មេសា ២០១១)

kor

Facebook Comments

Leave a Reply

%d bloggers like this: