ក្រឹមមាសក្នុងដប

ដោយ ថាច់ ប្រីជា គឿន

បទកាកគតិ)

ក្រឹមមាសពូជត្រី   រស់ក្នុងកុន្នទី
ពុំស្គាល់សមុទ្ទ    បានចូលក្នុងដប
ម្ចាស់គាប់ស្នេហ៍ស្និទ្ធ សម្ញែងពលឫទ្ធ
ដាក់តែគ្នាឯង ។

ស្រកីស្រកា  ដូចមាសភ្លឺថ្លា
ភ្លឺផ្លេកចិញ្ចែង  បាននៅក្នុងដប
ងប់ជោរម្នាក់ឯង  ពាលដាក់គេឯង
លែងស្គាល់ពូជភ្ងា ។

បញ្ចេញស្រកា   ដាក់ពូជមច្ឆា
ក្រឹមជាតិដូចគ្នា  ខ្លួននៅក្នុងដប
ស្មានថាសួគ៌ា  ខំប្រឹងជល់គ្នា
ផ្គាប់ផ្គុនម្ចាស់នាយ ។

រីឯក្រឹមក្តារ  គិតពិភាក្សា
នឹងក្រឹមទន្សាយ  ស្រងាកចិត្តថា
ក្រឹមមាសនឹងក្ស័យ  ព្រោះពូកែវ៉ៃ
បានតែគ្នាឯង ។

បើក្រឹមមាសខ្លាំង  គួរចេញតតាំង
នឹងពូជអណ្តែង  ដែលមានពិសពុល
គ្រោះថ្នាក់ក្រៃលែង  មិនគួរចំបែង
គ្នាឯងសោះឡើយ ។

ម្ចាស់លែងត្រូវការ ចាប់ច្រាស់ស្រកា
ស្លនឹងល្មៀតហើយ ជប់លៀងព្រៀងលាន
សប្បាយរំភើយ ក្រឹមមាសក្ស័យហើយ
គ្មានឡើយស្រណោះ ៕ ៚

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែចេត្រ ឆ្នាំ ថោះត្រីស័ក ព.ស. ២៥៥៤
ត្រូវនឹងថ្ងៃទី ២១ ខែមេសា គ. ស. ២០១១

Facebook Comments

Leave a Reply

%d bloggers like this: