ឆ្នាំថ្មីនឹកកម្ពុជាក្រោម

ដោយ ថាច់ ប្រីជា គឿន

(មេពាក្យ ៧ )

ខែចេត្រចូលឆ្នាំចាំមិនភ្លេច
ថ្ងៃចាំងព្រិចៗនៅជើងភ្នំ
ក្នុងព្រៃរៃទួញសូររងំ
ហាក់ដាស់ចិត្តខ្ញុំលោមនឹកស្រុក ។

ជាច្រើនឆ្នាំហើយឃ្លាតភូមិឋាន
កន្លែងដែលបានផ្តល់ក្តីសុខ
ខានយល់ភក្ត្រាម្តាយឪពុក
អ្នកមានបន្ទុកធ្ងន់ក្រាស់ក្រៃ ។

ឆ្នាំថ្មីឆ្នាំនេះស្រណោះណាស់
ម្តាយនៅឯផ្ទះនឹកកូនក្រៃ
បួងសួងទេវតាសូមសេរី
ជូនខ្មែរប្រុសស្រីបានសុខសាន្ត ។

នឹកវត្តអារាមដាមក្នុងចិត្ត
អាល័យដល់មិត្តភក្តិធ្លាប់បាន
ទៅលេងក្នុងវត្តមិនដែលខាន
ចូលឆ្នាំសង្ក្រាន្តជាតិខ្មែរក្រោម ។

ស្រណោះស្រះគូពន្លកស្នេហ៍
ខ្ញុំបានស្បថស្បែនឹងស្រីឆោម
ក្បែរសារមន្ទីរសច្ចាសុំ
ជួបស្នេហ៍ឧត្តមគ្រប់ៗជាតិ ។

ថ្ងៃនោះជាថ្ងៃចូលឆ្នាំថ្មី
យើងដើរកាន់ដៃមិនដែលឃ្លាត
ចូលមើលវត្តអង្គរាំវង់ទៀត
រួចបេះផ្កាសៀតកេសីម៉ុម ។

បងកូនខ្មែរក្រោមកំពង់ស្ពាន (Cầu Kè)
ឯស្រស់កល្យាណកំពង់ធំ (Châu Thành)
យើងស្រង់ទឹកព្រះប្រាថ្នាសុំ
ស្នេហ៍បានសុខដុមជាតិសុខសាន្ត ។

សិទ្ធិសេរីភាពលើក្តារជ្រញ់
កាំបិតប្រដេញទុក្ខឥតស្រាន្ត
សុខបានបន្តិចយួនក្តិចច្រាន
ឲ្យខ្ញុំឃ្លាតបានប្រាណពុំងា ។

ឃ្លាតផ្ទះសម្បែងរែងកំសត់
ឆ្ងាយអារាមវត្តសែនកំព្រា
ព្រាត់ប្រាសពុកម៉ែសែនរងា
មិត្តភក្តិ៍គ្នីគ្នាក៏ខានយល់ ។

នេះហើយជាតិសាសន៍នៅក្រោមគេ
មិនបានសុខទេណានិមល
ស្នេហ៍យើងនិរាសទុក្ខអំពល់
អូនក៏បានយល់ដែរណាឆោម ។

ធ្វើម្ដេចរូបខ្ញុំជាកូនប្រុស
កើតមកមានឈ្មោះពូជខ្មែរក្រោម
ជាតិរងទុក្ខសោករោគសង្គម
អាណានិគមយួនជិះជាន់ ។

ឆ្នាំថ្មីឆ្នាំក្រោយយើងជួបគ្នា
ឆ្នាំនេះពុំងាយើងមិនទាន់
មានសិទ្ធិម្ចាស់ការខ្លួនគ្រប់គ្រាន់
ជួបគ្នាក៏បានត្រឹមរីងរៃ ។

ឆ្នាំនេះបានត្រឹមតែជូនពរ
ដល់អ្នកមានធម៌និងថ្លើមថ្លៃ
ទាំងប្រជាខ្មែរក្រោមប្រុសស្រី
បានសុខសួស្តីសេរីហោង ៕៚

Facebook Comments

Leave a Reply

%d bloggers like this: