វិមាននរោត្តម នៅទីក្រុងព្រៃនគរ

ដោយ ថាច់ ប្រីជា គឿន

វិមាននរោត្តម បារាំងបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ ព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្តម (១៨៣៤ – ១៩០៤) ជាព្រះចៅក្រុងកម្ពុជាធិបតី នាពេលនោះ ។ ចាប់ពីឆ្នាំ ១៨៧១ ដល់ ១៨៨៧ អាគារត្រូវគេសាងសង់ទុកសម្រាប់ទេសាភិបាលដែនកូស័ងស៊ីន (Gouverneur de la Cochinchine ) ទើបគេហៅថា អាគារទេសាភិបាល ។ ចាប់ពីឆ្នាំ ១៨៨៧ ដល់ ១៩៤៥ រដ្ឋការអាណានិគមបារាំងទូទាំងឥណ្ឌូចិន (Gouverneur-général de l’Indochine Française) បានប្រើអាគារនេះជាទីស្នាក់នៅ និងសម្រាប់ប្រជុំកិច្ចការរដ្ឋការធំៗ ទើបគេហៅហៅថា អាគាររដ្ឋាភិបាល ។ ក្រោយឆ្នាំ ១៩៥៤ បារាំងបានដកអាណានិគមចេញពីដែកូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម និងតឹងកឹង (ហាណូយ ) អណ្ណាម (Hue) ប្រធានាធិបតី ង៉ូ ដិន យេម នៃរបបសាធារណរដ្ឋវៀតណាម បានប្តូរឈ្មោះទៅជា វិមានឯករាជ្យ (Dinh Độc Lập) វិញ ។ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ របបសាធារណរដ្ឋវៀតណាមត្រូវដួលរលំ ដែនដីកម្ពុជាក្រោមត្រូវបានត្រួតត្រាដោយរដ្ឋាភិបាលបក្សកុម្មុយនិស្ត វិមាននរោត្តម ត្រូវបានប្តូរឈ្មោះទៅជា សាលឯកភាព (Hội trường Thống Nhất ) តាមសេចក្តីសម្រេចលេខ 77A/VHQĐ ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៧៦ របស់ក្រសួងវប្បធម៌ ដែលសព្វថ្ងៃជា ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ (Bộ Văn hóa – Thể thao và Du lịch ) នៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ។

វិមាននរោត្ដម នៅទីក្រុងព្រៃនគរ ។
វិមាននរោត្ដម នៅទីក្រុងព្រៃនគរ ។

វិមាននរោត្តមសម័យអាណានិគមបារាំង៖

ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៨៦៩ លោកទេសាភិបាល ដែនកូស័ងស៊ីន Lagrandière បានប្រារព្ធពិធីសម្ពោធិ៍បញ្ចុះបឋមសីលាជាលើកនៅដំបូង ក្នុងការចាប់ផ្តើមដំណើរការសាងសង់ វិមានថ្មី នៅទីក្រុងព្រៃនគរ សម្រាប់លោកទេសាភិបាលដែនកូស័ងស៊ីន ជំនួសឲ្យអាគារចាស់ធ្វើពីឈើ ដែលបានសាងកាលពីឆ្នាំ ១៨៦៣ ។ វិមានថ្មីនេះ ត្រូវបានវិស្វករបារាំងឈ្មោះ Hermite ជាអ្នករៀបគម្រោងការណ៍ (ប្លង់) ។ ផ្ទាំងបឋមសីលាជាប្រវត្តិសាស្ត្រនេះ ត្រូវបានគេយកមកពីខេត្តចង្វាត្រពាំង (Bien Hoa) មានទំហំ ៥០ Cm បួនជ្រុង ហើយត្រូវគេដាក់រូបិយប័ណ្ណ នាសម័យនោះ ដែលផលិតពីមាស ប្រាក់ និងស្ពាន់ចូលទៅរន្ធខាងក្នុង ។

វិមាននរោត្ដម នៅទីក្រុងព្រៃនគរ ។
វិមាននរោត្ដម នៅទីក្រុងព្រៃនគរ ។

សំណង់នេះ បានសាងឡើងលើផ្ទៃដីក្រឡាប្រមាណ ១២ Ha ក្នុងនោះមានអាគារធំមួយ មានទីធ្លាទំហំ ៨០ ម៉ែត្រ ។ នៅក្នុងវិមាននេះ មានបន្ទប់អាចឲ្យមនុស្សស្នាក់នៅប្រមាណ ៨០០ នាក់ និងនៅជុំវិញអាគារនេះ មានសួនច្បារដែលមានដើមឈើធំៗ និងទីធ្លាស្មៅ ។ វត្ថុធាតុសម្រាប់សាងសង់ភាគច្រើន គឺបាននាំយកមកពីប្រទេសបារាំង ។ ដោយមានសង្គ្រាមបារាំងនិងអាលឺម៉ង់( Franco-Prussian War ) នាឆ្នាំ ១៨៧០ ទើបការសាងសង់អាគារនេះ ត្រូវអូសបន្លាយពេលដល់ឆ្នាំ ១៨៩៣ ទើបបានសម្រេចជាស្ថាពរ ។ ក្រោយពីបានកសាងសម្រេចជាស្ថាពរ គេបានដាក់ឈ្មោះអាគារនេះថា វិមាននរោត្តម និងផ្លូវនៅមុខអាគារនេះ ក៏ត្រូវគេដាក់ឈ្មោះថា វិថីនរោត្តម ដែរ ដើម្បីឧទ្ទិសដល់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម (១៨៣៤ -១៩០៤) ជាព្រះចៅ ក្រុងកម្ពុជាធិបតី នាពេលនោះ ។

ចាប់ពីឆ្នាំ ១៨៧១ ដល់ ១៨៨៧ អាគារ ត្រូវបានគេសាងសង់ទុកសម្រាប់ទេសាភិបាលដែនកូស័ងស៊ីន (Gouver neur de la Cochinchine ) ទើបគេហៅថា អាគារទេសាភិបាល ។

ចាប់ពីឆ្នាំ ១៨៨៧ ដល់ ១៩៤៥ រដ្ឋការអាណានិគមបារាំង ទូទាំងឥណ្ឌូ ចិន (Gouverneur-général de l’Indochine Française) បានប្រើអាគារនេះជាទីស្នាក់នៅ និងសម្រាប់ប្រជុំកិច្ចការរដ្ឋការធំៗ ទើបគេហៅហៅថា អាគាររដ្ឋាភិបាល ។ ចំណែកអាគារសម្រាប់ស្នាក់នៅនិងធ្វើការរបស់ លោកទេសាភិបាលត្រូវបានគេផ្លាស់ទីតាំងឲ្យនៅអាគារមួយក្បែរនោះ ។

ថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៤៥ ជប៉ុនវាយឈ្មះបារាំងនៅឥណ្ឌូចិន វិមាននរោត្តម ត្រូវរដ្ឋាភិបាលអាណានិគមជប៉ុន យកធ្វើជាអាគាររដ្ឋការរបស់ខ្លួននៅដែនដីកម្ពុជាក្រោម ។ ដល់ខែកញ្ញា ឆ្នាំ ១៩៥៤ ដដែលជប៉ុនបរាជ័យក្នុងសង្គ្រាមលោកលើកទី ២ បារាំងបានវិលត្រឡប់ចូលធ្វើអាណានិគមជាថ្មីនៅដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន វិមានរោត្តម ត្រូវបានបារាំងយកធ្វើជាទីតាំងអាគាររដ្ឋបាលខ្លួនឡើងវិញដែរ ។

វិមានឯករាជ្យសម័យសាធារណរដ្ឋវៀតណាម ៖

ក្រោយឆ្នាំ ១៩៥៤ បារាំងបានដកអាណានិគមចេញពីដែកូស័ងស៊ីន ឬដែនដីកម្ពុជាក្រោម និងតឹងកឹង (ហា ណូយ ) អណ្ណាម (Hue) ជនជាតិយួនបានបង្កើតរដ្ឋាភិបាលចំនួន ២ គឺចាប់ពីខ្សែស្របទី ១៧ ទៅទិសខាងជើង គ្រប់គ្រងដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (Việt Nam Dân Chủ Cộng Hòa ) និងចាប់ពីខ្សែស្របទី ១៧ ទៅទិសខាងត្បូងគ្រប ដណ្តបលើដែនដីកម្ពុជាក្រោមទាំងអស់ គ្រប់គ្រងដោយរដ្ឋាភិបាលរដ្ឋវៀតណាម (Quốc gia Việt Nam ) ដែលរដ្ឋាភិ បាលមួយនេះ ក្រោយមកបានផ្លាស់ទៅជាសារធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa ) ។

ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ១៩៥៤ វិមាននរោត្តម ជាទីចរចារវាងតំណាងបារាំង គឺ លោកឧត្តមសេនីយ៍ផ្កាយ ៥ Paul Ely និងតំណាងរដ្ឋាភិបាលរដ្ឋ វៀតណាម គឺលោកនាយករដ្ឋមន្ត្រី ង៉ូ ដិន យេម (Ngô Đình Diệm ) ។

ឆ្នាំ ១៩៥៥ ក្រោយពីការធ្វើប្រជាមតិ នាយករដ្ឋមន្ត្រី ង៉ូ ដិន យេម បានទម្លាក់ បាវ ដាវ ចេញពីប្រធានរដ្ឋនៃរដ្ឋា ភិបាលរដ្ឋវៀតណាម ហើយខ្លួនឡើងធ្វើជាប្រធានាធិបតី ង៉ូ ដិន យេម បានប្តូរ ឈ្មោះ វិមាននរោត្តម ទៅជា វិមានឯករាជ្យ វិញ ។ ក្រោយពីប្រធានធិបតី ង៉ូ ដិន យេម ប្តូរឈ្មោះទៅជាវិមានឯករាជ្យ (Dinh Độc Lập) មក កន្លែងនេះបានក្លាយទៅជាវិមានតំណាងឲ្យរដ្ឋាភិបាល សាធារណរដ្ឋវៀតណាម និងជាកន្លែងសម្រាប់ស្នាក់នៅ និងធ្វើការរបស់ប្រធា នាធិបតីយួន ។ ក្នុងសម័យនោះ ក្រៅពីហៅថា វិមានឯករាជ្យ គេក៏ហៅថា វិមានប្រធានាធិបតី ផងដែរ ។

ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៦២ អាកាសយានិកយួនទាំងពីររូបនៃ នៃកងកម្លាំងសាធារណរដ្ឋវៀតណាម (Quân lực Việt Nam Cộng hòa ) គឺលោក ង្វៀង វ៉ាំង កឺ (Nguyễn Văn Cử ) និងលោក ផាម ភូ ក្វុក (Phạm Phú Quốc ) បានបើកយន្តហោះប្រភេទ AD 6 ចំនួន ២ គ្រឿង ទម្លាក់គ្រាប់បែក បណ្តាលឲ្យនៃវិមាននេះ ទ្រុឌខូចខាតទាំងស្រុងចំហៀងខាងឆ្វេង ។ ដោយមិនអាចជួសជុលឡើងវិញបាន លោក ង៉ូ ដិន យេម បានបញ្ជាឲ្យធ្វើវិមានថ្មី ឡើវិញ នៅត្រង់ទីកន្លែងចាស់ដដែលដោយមានវិស្វករឈ្មោះ ង៉ូ វៀត ធឺ (Ngô Viết Thụ) ជាអ្នកអ្នកចេញគម្រោងការណ៍ (ប្លង់) ។

វិមានឯករាជ្យថ្មីនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៦២ ។ ក្នុងអំឡុងពេលនៃដំណើរការសាងសង់ គ្រួសារលោក ង៉ូ ដិន យេម ត្រូវបានរើកន្លែងទៅស្នាក់នៅក្នុងទីតាំងមួយដែលជនជាតិយួនហៅថា វិមានយ៉ាឡុង (Dinh Gia Long ) ដែលសព្វថ្ងៃវិមាននេះគឺជា សារមន្ទីររបស់ទីក្រុងព្រៃនគរ (Bảo tàng thành phố Hồ Chí Minh ) ។ វិមានកំពុងតែសាងសង់នៅមិនទាន់រួចរាល់ លោក ង៉ូ ដិន យេម ត្រូវបានក្រុមរដ្ឋប្រហារធ្វើឃាតនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ ។

ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩៦៦ វិមានថ្មីនេះត្រូវបានសម្ពោធ ដែលមានលោក ង្វៀង វ៉ាំង ទេវ (Nguyễn Văn Thiệu ) ជាអធិបតីក្នុងនាមប្រធាន គណៈកម្មការដឹកនាំប្រទេស (Ủy ban Lãnh đạo Quốc gia ) ។ ចាប់តាំងពីថ្ងៃនោះមក វិមានឯករាជ្យនេះបានក្លាយទៅជាវិមានរដ្ឋបាល នៃរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម (Việt Nam Cộng hòa ) ។ ប្រធានាធិបតីនៃរបបសាធារណរដ្ឋវៀតណាម ង្វៀង វ៉ាំង ទេវ បានស្នាក់នៅក្នុងវិមាននោះ ចាប់ពីខែតុលា ឆ្នាំ ១៩៦៧ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩៧៥ ។

ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ១៩៧៥ យន្តហោះឈ្មោះ F5E បើកដោយលោក ង្វៀង ថាញ់ ត្រុង (Nguyễn Thành Trung ) ហើរមកពីខេត្តចង្វាត្រ ពាំង (Biên Hòa ) ទម្លាក់គ្រាប់លើវិមានឯករាជ្យនេះ បានធ្វើឲ្យខូចខាតយ៉ាងដំណំ ។

នៅវេលាម៉ោង ១០:៤៥ នាទី ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ រថក្រោះឈ្មោះ T54 បំពាក់លេខ ៨៤៣ របស់កងទ័ពបក្សកុម្មុយនិស្តយួន នៃកងកម្លាំងរំដោះភាគខាងត្បូង (Quân giải phóng miền Nam ) បានបុកទម្លុះក្លោងទ្វារខាងក្រោយ និងបន្ទាប់មក វេលាម៉ោង ១១ : ៣០ នាទី មានរថក្រោះមួយទៀតបំពាក់លេខ ៣៩០ បានបុកទម្លុះខ្លោងទ្វារខាងមុខ នៃវិមានឯករាជ្យ នេះ ដើម្បីវាយដណ្ដើមយកទីតាំងរដ្ឋបាលធំរបស់រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ។ លោក ប៊ូយ ក្វាង ថឹង (Bùi Quang Thận ) មេបញ្ជាការនៃកងទ័ពរំដោះ (Quân Giải phóng ) របស់បក្សកុម្មុយនិស្ត ជាអ្នកបញ្ជារថក្រោះលេខ ៨៤៣ បានទម្លាក់ទង់របស់របបសាធារណរដ្ឋវៀតណាម ចុះពីកំពូលវិមាន ហើយដំឡើងទង់របស់ រណសិរ្សជាតិរំដោះភាគខាងត្បូង វៀតណាម (Mặt trận Dân tộc Giải phóng miền Nam Việt Nam ) ជំនួសវិញ ។ ក្រោយពីទង់របស់របបសាធារណរដ្ឋវៀតណាម បានទម្លាក់ចុះ សង្គ្រាមវៀតណាមក៏បានចប់ នៅថ្ងៃនោះដែរ ហើយពលរដ្ឋខ្មែរក្រោម ក៏បានចាប់ផ្តើមរស់នៅក្រោមរបបថ្មីមួយទៀត គឺរបបអាណានិគមកុម្មុយនិស្តយួន ។

សាលឯកភាព ក្នុងរបបកុម្មុយនិស្តយួន ចាប់ពីឆ្នាំ ១៩៧៥ មក ៖

ក្រោយពីរបបកុម្មុយនិស្តបានចូលត្រួតត្រាខ្មែរក្រោមជំនួសបរបបសាធារ ណរដ្ឋវៀតណាមនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ កិច្ចព្រមព្រៀងចរចានយោ បាយមួយ ដើម្បីឯកភាពជាតិយួនទាំងពីរភាគខាងជើងនិងត្បូង រវាងយូនកុម្មុយនិស្ត និងសេរីបានធ្វើឡើងនៅ វិមានឯករាជ្យនាខែវិច្ឆិកា ឆ្នាំ ១៩៧៥ ។ ក្រោយពីបានក្ដាប់អំណាចភ្លាម រដ្ឋាភិបាលបណ្តោះអាសន្ន នៃប្រទេសសាធា រណរដ្ឋវៀតណាមខាងត្បូង (Cộng hòa miền Nam Việt Nam ) បានសម្រេចប្ដូរឈ្មោះពីវិមានឯករាជ្យ ទៅជា សាលឯកភាព (Hội trường Thống Nhất ) វិញ ។ ក្រោយមក សាលឯកភាព នេះ ត្រូវបានគេចាត់ទុកជាបេតិក ភណ្ឌថ្នាក់ជាតិ តាមសេចក្តីសម្រេចលេខ 77A/VHQĐ ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៧៦ របស់ក្រសួងវប្បធម៌ ដែលសព្វថ្ងៃជា ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ (Bộ Văn hóa – Thể thao và Du lịch ) នៃរដ្ឋាភិបាលសា ធារណរដ្ឋសង្គមនិយមវៀតណាម ។

វិមាននរោត្ដម ក្រោយឆ្នាំ ១៩៧៥ ។
វិមាននរោត្ដម ក្រោយឆ្នាំ ១៩៧៥ ។

អំពី ព្រះបាទនរោត្ដម៖

ព្រះបាទនរោត្តម (១៨៣៤ –១៩០៤) សោយរាជ្យជាស្តេចនៃព្រះរា ជាណាចក្រកម្ពុជាពីឆ្នាំ ១៨៦០ ដល់ឆ្នាំ ១៩០៤ ។ ទ្រង់ជាព្រះរាជបុត្រច្បងនៃស្តេច អង្គឌួង ហើយជាព្រះរៀមនៃព្រះអង្គម្ចាស់ ស៊ីវត្ថា និង ព្រះបាទ ស៊ីសុវត្ថិ ដែលឡើងសោយរាជ្យបន្តពីព្រះអង្គ ។ នរោត្តម ដែលសរសេរថា នរោតម ជាសំស្ត្រឹត មានន័យ កំពូលបុរស ។ ព្រះបាទ នរោត្តម ត្រូវបានគេចាត់ទុកថាជាស្តេចខ្មែរទី ១ នៃសម័យទំនើប ។ ទ្រង់ត្រូវបានគេស្គាល់ច្បាស់ ដោយសារការការពារប្រទេសកម្ពុជាកុំឲ្យបាត់បង់ ។ នៅឆ្នាំ ១៨៦៣ ដើម្បីរារាំងប្រទេសជិតខាងដ៏ខ្លាំងទាំងពីរ គឺ យួន និងសៀម កុំឲ្យលេបយកទឹកដីកម្ពុជាបាន ទ្រង់បានអញ្ជើញបារាំង ឲ្យមកធ្វើជាអាណាព្យា បាលប្រទេសកម្ពុជា ។ ជនជាតិខ្មែរជាច្រើនជឿថា នេះជាព្រះរាជសកម្មភាពដ៏មហាអស្ចារ្យ និងភាពឈ្លាសវៃរបស់ព្រះអង្គក្នុងការ ការពារប្រទេសកម្ពុជាមិនឲ្យបាត់បង់ ។

ព្រះបាទ នរោត្ដម ។
ព្រះបាទ នរោត្ដម ។

នៅពេលដែលទ្រង់ប្រសូត ប្រ ទេសកម្ពុជា ស្ថិតនៅក្រោមការត្រួតត្រារបស់យួន និង សៀមនៅឡើយទេ ។ ប្រទេសទាំងពីរនោះ បានចែកគ្នាកាន់កាប់ប្រទេសកម្ពុជា ដោយយកទន្លេមេ គង្គធ្វើជាខ្សែបន្ទាត់ ប៉ុន្តែព្រះរាជវង្សខ្មែរស្ថិតនៅតំបន់សៀមត្រូតត្រា បើទោះជាយួនមានអំណាចខ្លាំងជាងសៀមយ៉ាងណាក្តី ។ យួននិងសៀមតែងតែច្បាំងគ្នាលើដីខ្មែរ ដែលធ្វើឲ្យកម្ពុជាខូតខាតយ៉ាងខ្លាំងព្រោះក្លាយជាសមរភូមិរបស់ ប្រទេសជិតខាង ។ រាជធានីជាន់នោះគឺស្ថិតនៅឧត្តុង្គ ប៉ុន្តែរដ្ឋបាលខ្មែរបែរជានៅឯប្រទេសសៀមឯបាងកក ។ ព្រះអង្គម្ចាស់ នរោត្តម ត្រូវបានព្រះបិតាព្រះអង្គបញ្ជូនទៅរៀនសូត្រ នៅបាងកក ដែលព្រះអង្គសិក្សាពុទ្ធសាសនា និង ភាសាបាលីបុរាណ ។

ការគ្រងរាជ្យ ៖

នៅឆ្នាំ ១៨៦០ នៅពេលដែលព្រះបាទអង្គឌួងសោយទីវង្គត ព្រះបាទនរោត្តម គឺជាព្រះបុត្រាស្នងរាជ្យ ប៉ុន្តែមិនទាន់បានឡើងសោយរាជ្យ ដោយសារតែស្តេចសៀម មិនប្រគល់មកវិញ នូវគ្រឿងសម្រាប់រាជ្យ ដែលធ្វើឲ្យព្រះអង្គក្លាយជាស្តេចត្រាញ់ របស់ស្តេចសៀម ទោះចង់ឬមិនចង់ក្តី ។

នៅពេលនោះផងដែរ ការបះបោររបស់ពួកចាម ដ៏ធំមួយបានផ្ទុះឡើងប្រឆាំងនឹងខ្មែរ ដែលការរាជ្យព្រះបាទអង្គឌួង ទ្រង់បានបង្ក្រាបឲ្យស្ងប់ស្ងាត់ម្តងហើយ ។ នៅឆ្នាំ ១៨៦២ ព្រះបាទនរោត្តម ចាញ់សង្គ្រាម ហើយបានបោះបង់រាជធានីឧត្តុង្គ ភៀសព្រះកាយទៅខេត្តបាត់ដំបង ហើយក្រោយមកទៀតក៏បាននិរទេសព្រះកាយ ទៅដល់បាងកក ។ ដោយមើលឃើញថា សៀមនិងយួនបានជម្រុញឲ្យកម្ពុជា ធ្លាក់ក្នុងអស្ថិរភាពផ្ទៃក្នុង បារាំងបានបង្ខំឲ្យព្រះបាទនរោត្តម យាងត្រឡប់មកឧត្តុង្គវិញនៅ ឆ្នាំ ១៨៦៣ ហើយឡាយព្រះហស្ថលេខាមួយ ស្តីពីការដាក់ប្រទេសកម្ពុជានៅក្រោមការការពារបារាំង ។ ប្រទេសកម្ពុជាក៏បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់បារាំងម្តង ដោយក្លាយជារដ្ឋឯករាជ្យរបស់អាណាព្យាបាលបារាំង បើទោះជាមានអធិបតេយ្យភាពផ្ទាល់ខ្លួនយ៉ាងណាក្តី ។

ដោយកម្ពុជា ស្ថិតនៅក្រោមអា ណាព្យាបាលបារាំង ស្តេចសៀមបានយល់ព្រមប្រគល់គ្រឿង សម្រាប់រាជ្យ ថ្វាយដល់ព្រះបាទនរោត្តម ដើម្បីឡើងអភិសេក ។ នៅឆ្នាំ ១៨៦៤ ព្រះបាទនរោត្តម ត្រូវបានអភិសេកជាស្តេចនៃប្រទេសកម្ពុជា ក្រោមការជ្រោមជ្រែងរបស់មន្ត្រីបារាំង និងសៀម ។ ស្តេចក្មេងអង្គនេះឡើងសោយរាជ្យ នៅពេលដែលប្រទេសកំពុង មានចលាចលផ្ទៃ ក្នុងដោយសារយួន និងសៀមបានចាត់ទុកប្រទេសកម្ពុជាជាសមរភូមិរបស់ពួកគេ រាប់ជំនាន់មកហើយ ប៉ុន្តែបារាំងបានរារាំងនិងបានយកទឹកដីខ្លះពីប្រទេសពីរនោះមកវិញផង ។ ប្រទេសកម្ពុជាបានចុះទន់ខ្សោយដោយសារសង្គ្រាមផ្ទែក្នុងជាច្រើន ហើយបានក្លាយជាតំបន់ប្រ ទាញប្រទង់របស់បារាំងនិងសៀម ។ មិនត្រឹមតែក្រុមឧទ្ទាមទេ ដែលចង់កំចាត់សៀម និងយួនចេញពីប្រទេស កម្ពុជា សូម្បីតែពួកចោរព្រៃក៏បានចូលរួមដែរ ។

នៅឆ្នាំ ១៨៨៤ បារាំងបានគ្រប់គ្រងប្រទេសឡាវ និងច្បាំងឈ្នះយកប្រ ទេសយួន ។ សង្គ្រាមបារាំងសៀម (១៨៩៣) បានបញ្ចប់ដោយសន្ធិសញ្ញាមួយដែលកាត់ប្រទេសឡាវឲ្យស្ថិតនៅក្រោមការ គ្រប់គ្រងរបស់បារាំងវិញ ក្រោយពីបារាំងបានបិទផ្លូវទឹក នៅបាងកក ។

ក្រោមអាណាព្យាបាលរបស់បារាំង ៖

នៅឆ្នាំ ១៨៨៤ អាជ្ញាធរបារាំងបានបង្ខំឲ្យព្រះបាទនរោត្តមឡាយព្រះហស្ថលេខាផ្តល់ អំណាចដល់អាណាព្យាបាលបារាំង នូវការគ្រប់គ្រងរដ្ឋបាលទាំងមូល រូមទាំងផ្នែកសេដ្ឋកិច្ចដែលជា ដែលជាចរន្តជីវិត នៃការគ្រប់គ្រងរបស់ព្រះបាទនរោត្តម ។ ព្រះបាទនរោត្តមបានប្រកែក ប៉ុន្តែបារាំងបានយកនាវីចម្បាំងមកដាក់យុថ្កា នៅពីមុខព្រះបរម រាជវាំង ធ្វើឲ្យព្រះអង្កអស់ជម្រើសហើយត្រូវតែបង្ខំព្រះរាជហរទ័យ ឡាយព្រះ ហស្ថលេខា ។

ទ្រង់ត្រូវបានឡើងសោយរាជ្យបន្តដោយព្រះអនុជព្រះអង្គ ដែលជាព្រះអង្គម្ចាស់ស្នងរាជ្យ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ។

គ្រឿងឥស្សរិយយស៖

គ្រឿងឥស្សរិយយស ថ្នាក់មហាសេនាកងពលកិត្តិយស-១៨៧២ (មេកងធំ-១៨៦៩) (មេកងសេះ-១៨៦៥) (បារាំង)

គ្រឿងឥស្សរិយយស ថ្នាក់មហាសេនាគជេន្ទ្រស (សៀម)

គ្រឿងឥស្សរិយយស សេនាថ្នាក់មហាចក្រី (សៀម) ៕

Facebook Comments

Leave a Reply

%d bloggers like this: