អាជ្ញាធរវៀតណាមកោះហៅ លោក លីវ នី ទៅសួរចម្លើយ

អាជ្ញាធរវៀតណាមបានចេញលិខិតកោះហៅ លោក លីវ នី អតីតព្រះចៅអធិការវត្តសិរីតាសេក ឲ្យទៅមន្ទីរ នគរបាលឃុំ ដើម្បីសួរចម្លើយនូវកិច្ចការមួយចំនួនដែលទាក់ទងនឹងសាមីខ្លួន បន្ទាប់ពីរដ្ឋាភិបាលយួន បានដោះលែងលោកឲ្យចេញពីពន្ធាការ កាលពីឆ្នាំកន្លងទៅនេះ  ។

លិខិតដែលរដ្ឋាភិបាលយួនកោះហៅ លោក លីវ នី ទៅសួរចម្លើយ ។
លិខិតដែលរដ្ឋាភិបាលយួនកោះហៅ លោក លីវ នី ទៅសួរចម្លើយ ។

យោងតាមលិខិតកោះហៅមួយច្បាប់របស់របស់មន្ទីរនគរបាលខេត្តឃ្លាំង (Soc Trang) និង ស្រុកជ្រោញរ (Vinh Chau) ចេញថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៨ ចុះហត្ថលេខាដោយ លោក ង្វៀង ថាន់ តៀង (Nguyen Thanh Tien) ជាប្រធានមន្ទីរនគរបាលខេត្តឃ្លាំង បានកោះហៅ លោក លីវ នី (Lieu Ny) មានលំនៅ អចិន្ត្រៃយ៍នៅភូមិតាសេក ឃុំវិញហាយ ស្រុកជ្រោយញរ ខេត្តឃ្លាំង (Ap Tra Set, Xa Vinh Hai, Huyen Vinh Chau, Tinh Soc Trang) “ដើម្បីសាកសួរនូវការងារមួយចំនួន ក្រោយពីបានចេញពីពន្ធ នាគារ” ។

លិខិតនេះ ត្រូវបានបង្ហោះនៅលើគណនេយ្យ Facebook ឈ្មោះ Ney Leiv ភ្ជាប់ជាមួយនឹងពាក្យថា “ខ្ញុំ មានការងារត្រូវធ្វើហើយបងប្អូនអើយ នៅវេលា ម៉ោង ៨ ព្រឹកស្អែក” ។ តាមរយៈសារនេះ បង្ហាញឲ្យឃើញ ថា លោក លីវ នី ត្រូវរដ្ឋាភិបាលយួនហៅទៅសួរចម្លើយនៅវេលា ម៉ោង ៨ ព្រឹក ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៨ នេះ ។ រដ្ឋាភិបាលយួនសួរចម្លើយលោកយ៉ាងខ្លះ វិទ្យុសំឡេងកម្ពុជាក្រោម នៅមិនទាន់ទទួលបានព័ត៌មានពិស្ដារនៅឡើយ ។

អតីតព្រះចៅអធិការវត្តសិរីតាសេក លីវ នី (ឆ្វេង) ពេលចេញពីគុក ។
អតីតព្រះចៅអធិការវត្តសិរីតាសេក លីវ នី (ឆ្វេង) ពេលចេញពីគុក ។

ការសួរចម្លើយជាមធ្យោបាយមួយរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ក្នុងការគំរាមកំហែងលើពលរដ្ឋ ខ្មែរក្រោមរូបណា ដែលរដ្ឋាភិបាលចាត់ទុកថា មនុស្សដែលមានគំនិតផ្ទុយពីរដ្ឋាភិបាល ។

លោក លីវ នី កើត នៅ ឆ្នាំ ១៩៨៦ ជាអតីតចៅអធិការ វត្តសិរីតាសេក នាស្រុកជ្រោយញ ខេត្តឃ្លាំង ។ កាលនៅជាសង្ឃ លោកត្រូវរដ្ឋាភិបាលយួនចាប់ខ្លួន នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៣ នៅព្រំដែន ខេត្តមាត់ជ្រូក នៃដែនដីកម្ពុជាក្រោម និងខេត្តតាកែវ នៃប្រទេសកម្ពុជា ខណៈដែលលោកកំពុងតែភៀស ខ្លួនទៅប្រទេសកម្ពុជា ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលយួន ។ ក្រោយពីដាក់គុក បាន ៥ ខែ ត្រូវតុលាការយួនខេត្តឃ្លាំង ប្រកាសសាលក្រម នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ឲ្យ លោកជាប់គុក ៤ ឆ្នាំ ។ ​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ នេះ លោក លីវ នី បាន​អាជ្ញាធរ​យួន​ដោះលែង​ចេញពី​ពន្ធនាគារ​ បន្ទាប់ពីលោក ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក​ និង​ដាក់គុក អស់​រយៈពេល ៤ ឆ្នាំ​មក ។

មូលហេតុ ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​យួន​ចាប់​ លោក លីវ នី ផ្សឹក និង ដាក់គុក​នោះ ដោយសារ កាលនៅជា ចៅអធិការវត្ត លោក​ហ៊ាន​ការពារមិន​ឲ្យ​អាជ្ញាធរ​យួន​ចាប់​ផ្សឹក លោក ថាច់ ធឿន ជាអតីត​គ្រូ​ពហូស្សូត​វត្ត​សិរី​តាសេក ព្រោះ លោក ថាច់ ធឿន មិនបាន​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​ដែល​អាច​ត្រូវ​ចាប់​ផ្សឹក ។ ចំណែក​ លោក ថាច់ ធឿន ដែល​ត្រូវ​តុលាការ​យួន​ប្រកាស​សាលក្រម​ឲ្យ​ជាប់គុក ៦ ឆ្នាំ ពីបទ​ទាក់ទង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​នោះ នៅ​មិនទាន់បាន​ចេញពី​គុក​នៅឡើយ ៕

Facebook Comments

Leave a Reply

%d bloggers like this: