អាជ្ញាធរយួនគំរាម លោក លីវ នី អំពីការប្រើគណនេយ្យ Facebook ផ្ទាល់ខ្លួន

នៅថ្ងៃទី ៩ ខែមីនា សប្ដាហ៍នេះ អាជ្ញាធរវៀតណាមបានចេញលិខិតកោះហៅ លោក លីវ នី អតីត ព្រះចៅអធិការ វត្តសិរីតាសេក ឲ្យទៅមន្ទីរនគរបាលឃុំ ដើម្បីសួរចម្លើយនូវកិច្ចការមួយចំនួនដែល ទាក់ទងនឹងសាមីខ្លួន បន្ទាប់ពីរដ្ឋាភិបាលយួន បានដោះលែងលោកឲ្យចេញពីពន្ធាការកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ  ។

លិខិតដែលរដ្ឋាភិបាលយួនកោះហៅ លោក លីវ នី ទៅសួរចម្លើយ ។
លិខិតដែលរដ្ឋាភិបាលយួនកោះហៅ លោក លីវ នី ទៅសួរចម្លើយ ។

ការសួរចម្លើយនេះធ្វើឡើងដោយនគរបាលខេត្តឃ្លាំង ដោយពួកគេបានចោទសួរលោក លីវ នី នូវ បញ្ហាមួយចំនួន ដូចជា ការបញ្ចេញមតិនៅលើបណ្ដាញសង្គម Facebook និង បានគំរាមថា ពួកគេនឹងប្រមូលភស្តុតាងទាំងអស់មក ហើយធ្វើចំណាត់ការលោក លីវ នី សារជាថ្មីម្ដងទៀត ។

លោក លី សឿង ជាអតីតព្រះសង្ឃខ្មែរក្រោមដែលធ្លាប់ត្រូវរដ្ឋាភិបាលយួនចាប់ផ្សឹក ក្នុងព្រឹត្តិការណ៍ ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០០៧ នៅខេត្តឃ្លាំង សព្វថ្ងៃ នៅប្រទេសហូឡង់ ដែលជាអ្នកតាមដាន រឿងនេះយ៉ាងជិតដិត បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា នគរបាលខេត្តឃ្លាំង នៃរដ្ឋាភិបាលយួន មានគ្មា ៤ នាក់ បានចុះមកសាលាឃុំវិញហាយធ្វើការសួរចម្លើយ លោក លីវ នី តាំងពី ៨ ព្រឹក រហូតដល់ថ្ងៃត្រង់ ។ រដ្ឋាភិបាលយួនបានគំរាម លោក លីវ នី អំពីការបញ្ចេញមតិផ្សេងៗតាមរយៈ គណនេយ្យ Facebook ផ្ទាល់ខ្លួន និងថា ប្រសិនបើលោក លីវ នី នៅតែបន្តប្រើ Facebook រដ្ឋា ភិបាលយួននឹងចាត់វិធានការសារជាថ្មីលើរូប លោក លីវ នី ។

ការសួរចម្លើយនេះធ្វើឡើង បន្ទាប់ពី មន្ទីរនគរបាលខេត្តឃ្លាំង (Soc Trang) និងស្រុកជ្រោញរ (Vinh Chau)  បានផ្ញើលិខិតកោះហៅមួយច្បាប់ ចេញថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៨ ចុះហត្ថលេខា ដោយ លោក ង្វៀង ថាន់ តៀង (Nguyen Thanh Tien) ជាប្រធានមន្ទីរនគរបាលខេត្តឃ្លាំង កោះ ហៅ លោក លីវ នី (Lieu Ny) មានលំនៅអចិន្ត្រៃយ៍នៅភូមិតាសេក ឃុំវិញហាយ ស្រុកជ្រោយញរ ខេត្តឃ្លាំង (Ap Tra Set, Xa Vinh Hai, Huyen Vinh Chau, Tinh Soc Trang) ឲ្យទៅសាលា ឃុំវិញហាយ “ដើម្បីសាកសួរនូវការងារមួយចំនួន ក្រោយពីបានចេញពីពន្ធនាគារ” ។

ការសួរចម្លើយជាមធ្យោបាយមួយរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ក្នុងការគំរាមកំហែងលើ ពលរដ្ឋខ្មែរក្រោមរូបណា ដែលរដ្ឋាភិបាលចាត់ទុកថា មនុស្សដែលមានគំនិតផ្ទុយពីរដ្ឋាភិបាល ។

លោក លីវ នី កើត នៅ ឆ្នាំ ១៩៨៦ ជាអតីតចៅអធិការ វត្តសិរីតាសេក នាស្រុកជ្រោយញ ខេត្ត  ឃ្លាំង ។ កាលនៅជាសង្ឃ លោកត្រូវរដ្ឋាភិបាលយួនចាប់ខ្លួន នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៣ នៅព្រំដែន ខេត្តមាត់ជ្រូក នៃដែនដីកម្ពុជាក្រោម និងខេត្តតាកែវ នៃប្រទេសកម្ពុជា ខណៈដែលលោក កំពុងតែភៀស ខ្លួនទៅប្រទេសកម្ពុជា ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលយួន ។ ក្រោយពីដាក់គុក បាន ៥ ខែ ត្រូវតុលាការយួនខេត្តឃ្លាំង ប្រកាសសាលក្រម នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ឲ្យ លោកជាប់គុក ៤ ឆ្នាំ ។ ​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ នេះ លោក លីវ នី បាន​អាជ្ញាធរ​យួន​ដោះលែង​ចេញពី​ពន្ធនាគារ​ បន្ទាប់ពីលោក ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក​ និង​ដាក់គុក អស់​រយៈពេល ៤ ឆ្នាំ​មក ។

មូលហេតុ ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​យួន​ចាប់​ លោក លីវ នី ផ្សឹក និង ដាក់គុក​នោះ ដោយសារ កាលនៅជា ចៅអធិការវត្ត លោក​ហ៊ាន​ការពារមិន​ឲ្យ​អាជ្ញាធរ​យួន​ចាប់​ផ្សឹក លោក ថាច់ ធឿន ជា អតីត​គ្រូ​ពហូស្សូត​វត្ត​សិរី​តាសេក ព្រោះ លោក ថាច់ ធឿន មិនបាន​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​ដែល​អាច​ត្រូវ​ចាប់​ផ្សឹក ។ ចំណែក​ លោក ថាច់ ធឿន ដែល​ត្រូវ​តុលាការ​យួន​ប្រកាស​សាលក្រម​ឲ្យ​ជាប់គុក ៦ ឆ្នាំ ពីបទ​ទាក់ទង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​នោះ នៅ​មិនទាន់បាន​ចេញពី​គុក​នៅឡើយ ៕

Facebook Comments

Leave a Reply

%d bloggers like this: